ប្រទេសចិន នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងយោធាដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ «បានបង្ហាញ» ថា មិនអាចមានការដោះស្រាយបញ្ហាណាមួយបានទេ ដោយសង្កត់ធ្ងន់លើដំណោះស្រាយការទូត ចំពោះជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ «ដែលបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសនានា នៅក្នុងតំបន់ឈូងសមុទ្រពែក្ស«។

លោក Lin បាននិយាយថា៖ «ការពិតបានបង្ហាញថា មធ្យោបាយយោធា មិនអាចដោះស្រាយបញ្ហាណាមួយបានឡើយ ហើយការប្រើប្រាស់កម្លាំងដោយបំពាន នឹងត្រឹមតែធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញប៉ុណ្ណោះ»។ លោកកំពុងប្រតិកម្មចំពោះរបាយការណ៍ អំពីការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅលីបង់ ទោះបីជាសហរដ្ឋអាមេរិកបានដាក់សម្ពាធលើទីក្រុង Tel Aviv កុំឲ្យធ្វើការវាយប្រហារក៏ដោយ។
អមដោយការអំពាវនាវឲ្យមានការគោរពអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រជាជាតិតំបន់មជ្ឈិមបូព៌ា លោក Lin បានសង្កត់ធ្ងន់ថា៖ «ការចរចា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ នាពេលនេះ។ គ្មានភាគីណាមួយ គួរបង្កជម្លោះយោធាឡើងវិញទេ»។ លោកបានបន្ថែមថា៖ «ប្រទេសចិនអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ បញ្ឈប់សកម្មភាពប្រឈមមុខដាក់គ្នាណាមួយដែលអាចធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូត ហើយធ្វើការដើម្បីឲ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំងនេះ បានកើតឡើងក្នុងអំឡុងពេលដែលអាចមានភាពតានតឹង នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអំពាវនាវឲ្យអ៊ីស្រាអែលកុំសងសឹក ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ជាការទាមទារដែលមិនត្រូវបានអើពើ៕
