នៅថ្ងៃអង្គារនេះ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនក្រុមបាតុករដែលនាំគ្នាតវ៉ាប្រឆាំងនឹងមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋអាមេរិកដែលប៉ះពាល់នឹងជំងឺអេបូឡា បើទោះបីជាតុលាការកេនយ៉ា បញ្ជាឲ្យបញ្ឈប់ការងារសាងសង់បន្ថែមទៀតក៏ដោយ ។
សំណុំផ្សែងបានហុយលើផ្លូវស្ថិតក្នុងទីក្រុងភាគកណ្តាល Nanyuki ខណៈនគរបាលព្យាយាមបំបែកហ្វូងបាតុករ ក្នុងនោះក្រុមបាតុករនាំគ្នារត់ ស្រែក និងកាន់បដា ។ មន្រ្តីនគរបាល ត្រូវបានគេមើលឃើញផងដែរ ឃាត់ខ្លួនបាតុករ និងលើកពួកគេដាក់លើរថយន្តនគរបាល ។
មណ្ឌលចត្តាឡីស័យមាន ៥០គ្រែ ស្ថិតនៅមូលដ្ឋានទ័ពអាកាសនេះ បានធ្វើពលរដ្ឋជាច្រើនខឹងសម្បារ ដោយពួកគេចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ផ្លាស់ប្តូរបន្ទុកថែទាំអ្នកប៉ះពាល់នឹងជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា មកកាន់ប្រទេសកេនយ៉ា ។
មនុស្ស ២នាក់ ត្រូវបានសម្លាប់ នៅក្នុងបាតុកម្មកាលពីសប្តាហ៍មុន នៅទីក្រុង Nanyuki ជាទីដែលកំហឹងបានកើនឡើង ពេលដែលអាជ្ញាធរកេនយ៉ា និងសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះផែនការសាងសង់មណ្ឌលចត្តាឡីស័កនេះ ។
ពលរដ្ឋសហរដ្ឋអាមេរិកជាច្រើននាក់ បានប៉ះពាល់នឹងជំងឺអេបូឡា នៅតំបន់ភាគខាងកើតកុងហ្គោ និងអ៊ូហ្គង់ដា ជាទីដែលមានករណីឆ្លងបញ្ជាក់ជាង ៥០០នាក់ និងករណីស្លាប់បញ្ជាក់ ១០០នាក់ ដោយសារការរីករាលដាលឆ្លងដែលត្រូវបានប្រកាសកាលពីខែមុន ៕

