នាថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បាន ២ផ្លូវទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន និងសម្រាប់គោលបំណងណាមួយដែលអាចបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដោយចំណាត់នេះមានគោលបំណងបញ្ឈប់ការប៉ុនប៉ង ក្នុងការធ្វើយោធូនីយកម្មឡើងវិញ និងក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែលឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកបានស្នើឲ្យប្រទេសចិនចាប់ផ្ដើមការនាំចេញរ៉ែកម្រទៅកាន់ជប៉ុនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។

លោក Lin បានបដិសេធមិនបញ្ជាក់ថា តើរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានធ្វើការស្នើសុំបែបនេះដែរ ឬអត់នោះទេ។ លោក Lin បាននិយាយថា៖ «ដោយស្របតាមច្បាប់ និងបទប្បញ្ញត្តិ ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បាន ២ផ្លូវទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន សម្រាប់គោលបំណងយោធា និងដល់អ្នកប្រើប្រាស់ចុងក្រោយផ្សេងទៀត ឬសម្រាប់គោលបំណងណាមួយដែលនឹងជួយបង្កើនសមត្ថភាពយោធារបស់ជប៉ុន»។
លោកបានបញ្ជាក់ថា គោលបំណងនៃការរឹតបន្តឹងនេះ គឺដើម្បី «បញ្ឈប់ការប៉ុនប៉ង ក្នុងការធ្វើយោធូនីយកម្មឡើងវិញ និងក្នុងការអភិវឌ្ឈអាវុធនុយក្លេអ៊ែររបស់ជប៉ុន»។
គួរបញ្ជាក់ថា ការហាមឃាត់ការនាំចេញនេះ ចូលជាធរមានភ្លាមៗ បន្ទាប់ពីមានការប្រកាសដោយអាជ្ញាធរចិន កាលពីខែមករា ហើយវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង ក្នុងការរឹតបន្តឹងការគ្រប់គ្រង លើទំនិញ និងបច្ចេកវិទ្យាដែលមានភាពរសើបជាយុទ្ធសាស្ត្រ៕


