ស៊ីរី៖ កាលពីរយៈពេល ១០ឆ្នាំមុននៅថ្ងៃទី១៥ ខែមីនាក្នុងសប្ដាហ៍នេះ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបានក្រោកឈរឡើងប្រឆាំងនឹងមេដឹកនាំស៊ីរី លោក បាសា អាល់អាសាដ នៅទីក្រុងភាគខាងត្បូងដារ៉ាអា។ អស់រយៈពេលជាច្រើនសប្ដាហ៍ ច្រើនខែ និងច្រើនឆ្នាំបានធ្វើឲ្យបដិវត្តន៍ពណ៌មួយនេះ ប្រែក្លាយជាសង្គ្រាមស៊ីវិលដ៏ឃោរឃៅគ្មានទីបញ្ចប់ និងស្ថិតនៅក្នុងចំណោមជម្លោះដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។

សង្គ្រាមអស់រយៈពេល ១ទសវត្សរ៍កន្លងមកនេះ បានធ្វើឲ្យពលរដ្ឋស៊ីរីមួយជំនាន់ញាំញីដោយគ្រាប់បែក ភាពខ្វះខាត សេចក្តីស្លាប់ និងការជម្លៀសខ្លួន។ សង្គ្រាមរយៈពេល ១ទសវត្សរ៍នេះដែរ ធ្វើឲ្យសង្គមស៊ីរីទាំងមូលត្រូវការពេលព្យាបាល យ៉ាងហោចណាស់ក៏កន្លះសតវត្សរ៍ដែរ ជាកន្លែងដែលលោក អាសាដ គឺជាប្រមុខរដ្ឋបានកម្ទេចប្រទេសខ្លួនឯង ជាមួយនឹងឧក្រិដ្ឋកម្មសង្គ្រាម អាវុធគីមីមកលើជនស៊ីវិល ការចាប់រំលោភ ការធ្វើទារុណកម្ម និងការឃុំឃាំងមនុស្សរាប់ម៉ឺននាក់។ យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះ ដោយគណៈកម្មការស៊ើបអង្កេតស៊ីរី របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមមួយនេះបានបំពានដ៏សាហាវបំផុត លើបទដ្ឋានមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលរូមទាំងអំពើហិង្សាដោយរបបលោក អាសាដ មកលើប្រជាពលរដ្ឋខ្លួនឯង។
ថ្វីត្បិតតែសង្គ្រាមមួយនេះមិនទាន់បញ្ចប់យ៉ាងណាក្តី តាមន័យបច្ចេកទេស លោក ហ្គេ ភីឌឺសេន គឺជាមន្ត្រីការទូតន័រវែស និងជាប្រេសិតពិសេសទទួលបន្ទុកកិច្ចការស៊ីរី ប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ច្បាស់ណាស់ថាចំពោះពលរដ្ឋស៊ីរីភាគច្រើន និងអ្នកសង្កេតការណ៍ខាងក្រៅយល់ឃើញថា លោក អាសាដ គឺជាអ្នកឈ្នះ ហើយនៅតែបន្តក្ដោបក្ដាប់អំណាចរបស់លោក។ សូមបញ្ជាក់ថា សង្គ្រាមស៊ីវិលស៊ីរីដែលបានអូសបន្លាយពេល ១ទសវត្សរ៍កន្លងមកនេះ បានឆក់យកអាយុជីវិតមនុស្សជាងកន្លះលាននាក់ និងមនុស្សជាង ៦.៦លាននាក់ផ្សេងទៀតបានរត់ភៀសខ្លួន ទៅជ្រកកោនប្រទេសជិតខាង៕
អត្ថបទ៖ សារ៉ាត់