នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ការសិក្សាមួយរបស់ប្រទេសន័រវ៉ែស បានបង្ហាញថា ក្នុងឆ្នាំ ២០២៥ ពិភពលោកបានឃើញជម្លោះរវាងរដ្ឋ មានចំនួនខ្ពស់បំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយព្រមានអំពីការកើនឡើងនូវការវាយប្រហារដែលផ្តោតលើជនស៊ីវិល។
របាយការណ៍និន្នាការជម្លោះប្រចាំឆ្នាំ ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ (Prio) បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ជម្លោះចំនួន ៦៥ ដែលពាក់ព័ន្ធនឹងរដ្ឋយ៉ាងហោចណាស់មួយ ត្រូវបានកត់ត្រាទូទាំងពិភពលោក ដែលជាកម្រិតខ្ពស់បំផុតថ្មី ចាប់តាំងពីឆ្នាំ១៩៤៦។
ជម្លោះរវាងរដ្ឋ ក៏បានឈានដល់កម្រិតខ្ពស់បំផុតថ្មីផងដែរ ក្នុងរយៈពេល ៨០ឆ្នាំ ដោយកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន ពោលគឺឡើងដល់ ៨ដង ដោយក្នុងនោះរួមមានទាំងការប៉ះទង្គិចគ្នាតាមព្រំដែន រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាដើម ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅស៊ីរី។
អ្នកស្រាវជ្រាវ លោកស្រី Siri Aas Rustad បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយក្រុម ក្នុងនោះរួមមានទាំង AFP ផងដែរថា៖ «ជារឿងគួរឲ្យសោកស្ដាយណាស់ មិនមានរឿងវិជ្ជមានកើតឡើងច្រើនទេ។ ជាធម្មតា ខ្ញុំអាចច្របាច់អ្វីមួយវិជ្ជមានចេញពីហេតុការណ៍នោះ ប៉ុន្តែឆ្នាំនេះ វាគឺគួរឲ្យបារម្ភណាស់ ពាក់ព័ន្ធនឹងទិន្នន័យនេះ»។
ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតទី៣ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដោយមានអ្នកស្លាប់ប្រហែល ២៤៥.០០០នាក់ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការប្រយុទ្ធគ្នា ឬអំពើហិង្សានយោបាយ ដោយជិត ៧៦.៥០០នាក់ ក្នុងចំណោមពួកគេត្រូវបានសន្មតថា ជាការវាយប្រហារដែលកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល បើប្រៀបធៀបទៅនឹង ១៤.២០០នាក់ ក្នុងឆ្នាំ២០២៤៕



