នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ងហ៊ានវាយប្រហារម្តងទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Netanyahu បន្តថា លោកនឹងមិនអត់ធ្មត់ ឬទទួលយកអ្វីដែលលោកចាត់ទុកថាជា “សមីការថ្មី”ដែលអ៊ីរ៉ង់ និងក្រុមហេសបូឡា ព្យាយាបង្ខំអ៊ីស្រាអែលឲ្យធ្វើសង្រ្គាមនោះទេ ។
កាលពីព្រឹកថ្ងៃចន្ទ អ៊ីរ៉ង់ និងអ៊ីស្រាអែលនិយាយថា ពួកគេបានបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមក ក្រោយការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បើទោះបីជាទីក្រុងតេអេរ៉ង់និយាយថា ពួកគេនឹងចាប់ផ្តើមការវាយប្រហារថ្មី បើសិនជាអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅប្រទេសលីបង់ក៏ដោយ ។
រលកនៃការវាយប្រហារក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺជាការតតាំងដាក់គ្នាដោយផ្ទាល់បំផុតរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់កាលពីខែមេសា ជាហេតុគំរាមកំហែងដល់កិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ៣ខែរបស់ពួកគេ ៕

