ផ្លូវជនបទក្រាលកៅស៊ូ DBST មានប្រវែងជាង ១០ គីឡូម៉ែត្រ ដែលបញ្ចប់សុពលភាព ស្ថិតក្នុងស្រុកចំនួន ៣ នៅខេត្តកំពង់ធំ បានរក្សា នូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ជាប្រយោជន៍នៃការប្រើប្រាស់យូរអង្វែង ព្រោះផ្លូវជាកាតាលីករដ៏សំខាន់ ជួយជំរុញអន្តរកម្មសេដ្ឋកិច្ចនៅ តាមមូលដ្ឋានឱ្យរីកចម្រើន។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួត ពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន១កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងជាង ១០ គឺឡូម៉ែត្រ, ទទឹង ៥ ម៉ែត្រ ស្ថិតនៅស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ក្នុងខេត្តកំពង់ធំ ដែល គម្រោងនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន ជា រដ្ឋមន្រ្តី ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាងនៅលើការងារផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសការតភ្ជាប់ផ្លូវទៅកាន់តំបន់ផលិតកម្ម និងឧស្សាហកម្ម ដើម្បីសម្រួល ដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ ដែលទាំងនេះជាការគាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ទាក់ទងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវ រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទាំងនៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ មានផ្លូវ មានទឹក មានភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវានានា ក៏ដូចការធ្វើអាជីវកម្ម នឹងការរស់នៅ របស់ប្រជាជន មានជីវភាពកាន់តែធូធារ សំដៅជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមឱ្យសំបូររុងរឿង។ ជុំវិញការងារថែទាំខួបផ្លូវខាងលើ នេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារថែទាំផ្លូវបានល្អប្រសើរ របស់នាយកដ្ឋានផ្លូវលំ ជនបទ ដើម្បីផ្តល់ជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី
















