អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងរារាំងពលរដ្ឋប៉ាឡេស្ទីនជាង ១៦.៥០០នាក់ដែលត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រនៅបរទេសមិនឲ្យចាកចេញពីតំបន់ដែលត្រូវបានហ៊ុមព័ទ្ធនិងរហែកហួរដោយសង្គ្រាម ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយចាប់តាំងពីខែតុលា ឆ្នាំមុន ក៏ដោយ។

ក្រសួងបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលកំពុងសម្លាប់អ្នកជំងឺដោយការពន្យារពេល បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍របស់ខ្លួននៅតំបន់ហ៊ុមព័ទ្ធនេះដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៧៣.០០០ នាក់ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ ស្ថានភាពដ៏អាក្រក់នេះបង្ហាញពីការលំបាកនៃប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលអ្នកជំនាញនិងក្រុមជំនួយរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញជាប្រព័ន្ធក្នុងបំណងធ្វើឱ្យតំបន់ហ្កាហ្សា មិនអាចរស់នៅបាន។

យោងតាមអាជ្ញាធរតំបន់ហ្កាហ្សាបានឲ្យដឹងថា អ៊ីស្រាអែល បានរឹតបន្តឹងពលរដ្ឋដែលចាកចេញពីតំបន់ហ៊ុមព័ទ្ធនេះសម្រាប់ការព្យាបាលផ្នែកវេជ្ជសាស្ត្រ។ ច្រកឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ត្រូវបានអ៊ីស្រាអែលបើកឡើងវិញដោយផ្នែកកាលពីដើមខែកុម្ភៈ បន្ទាប់ពីបានបិទជិតពីរឆ្នាំ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបិទច្រកឆ្លងកាត់ជាបណ្តោះអាសន្នជាច្រើនលើកច្រើនសារ។
លោក Maher Shamia អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ច្រកដើម្បីចាកចេញពីដែនដីនេះត្រឹមតែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ខណៈត្រូវបានបែងចែកត្រឹមតែមួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់ការជម្លៀសអ្នកជំងឺនៅច្រក Karem Abu Salem ដែលភ្ជាប់តំបន់ហ្កាហ្សាទៅកាន់អ៊ីស្រាអែល។