អ្នកស្រុកនៃទីក្រុងបុរាណ Tyre និងកំពុងមានជម្លោះនេះ ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងជម្រើសដ៏ជូរចត់ពីរគឺ បន្តស្នាក់នៅ និងប្រថុយនឹងការស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឬចាកចេញ ហើយក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសខ្លួនឯង។

អ៊ីស្រាអែលបានបើកការវាយប្រហារនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានការព្រមានពីអ៊ីរ៉ង់មិនឱ្យបន្តការវាយប្រហារនៅក្នុងប្រទេសនេះក៏ដោយ។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សប្រាំបីនាក់ត្រូវបានសម្លាប់ និងជាង៣០នាក់ បានរងរបួសនៅក្នុងទីក្រុTyre ជាទីដែលយោធាអ៊ីស្រាអែលបានចេញបទបញ្ជាថ្មីឱ្យអ្នកស្រុកចាកចេញពីទីក្រុងភាគខាងត្បូងមួយនេះ រួមទាំងតំបន់ពលរដ្ឋកាន់សាសនាគ្រីស្តរបស់ខ្លួនជាលើកដំបូង។
ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់១៣ នាក់កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ។ ការវាយប្រហារនេះកើតឡើងខណៈយោធាអ៊ីស្រាអែលចេញការព្រមានជម្លៀសចេញសម្រាប់ពលរដ្ឋនៅទីក្រុង Tyre ទាំងមូល។

ហើយជាលើកដំបូងចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការឈ្លានពានចុងក្រោយរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ដើម្បីកម្ចាត់ក្រុមហេសបូឡា។ បទបញ្ជាជម្លៀសរបស់អ៊ីស្រាអែលក៏រួមបញ្ចូលទាំងតំបន់អាល់ហារ៉ា ដែលជាតំបន់គ្រឹស្តសាសនាប្រវត្តិសាស្ត្រនៃទីក្រុងដែលមានអាយុកាលជាង៤.៧០០ ឆ្នាំ នេះផងដែរ។
អ្នកស្រុកម្នាក់ដែលជាម្តាយមានកូនបីនាក់ បានប្រាប់ទូរទស្សន៍ NBC News ថា អ្នកស្រីមិនដែលស្រមៃថានឹងចាកចេញពីតំបន់ អាល់ហារ៉ា ទេ។ វាជាតំបន់សុវត្ថិភាព ហើយពួកអ្នកស្រីក៏ជាពលរដ្ឋសាមញ្ញាគ្មានអាវុធក្នុងដៃដែរ៕