កាលពីរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា កម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាបផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព រវាងស្ថាប័ននីតិបញ្ញតិ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជន នៃប្រទេសទាំងពីរ(កម្ពុជា-ឥណ្ឌា) ឱ្យកាន់តែប្រសើរថែមទៀត។ ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសម្តែងការគួរសមជាមួយគ្នារួចមក ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភា និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត ។
នារាត្រីថ្ងៃដដែល ឯកឧត្តម ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណៈប្រតិភូ បានទទួលស្វាគមន៍ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និងអំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ មោទនភាពនៅលើទឹកដីដ៏ពិសិដ្ឋនេះ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាជាពិសេសលើទឹកដីអង្គរ នាឱកាសនេះ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាឥណ្ឌា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ខេត្តសៀមរាបម និងប្រទេសកម្ពុជាទាំងមូល និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយក្នុងការស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ ព្រមទាំងវិស័យការទូត ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។
សូមជំរាបថា រដ្ឋាភិបាលឥណ្ឌា បានជួយឧបត្ថម្ភលើវិស័យមួយចំនួន រួមមាន ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ការងារជួយឧបត្ថម្ភលើសាលាក្ដីខ្មែរក្រហម ការងារជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ការសាងសង់សារ:មន្ទីរវាយនភណ្ឌ ក្នុងខេត្តសៀមរាប និងជួសជុលប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងវិស័យជាច្រើនទៀត៕






