ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិ Garuda Championship Series - FIFA Women's Match Day នៅប្រទេសឥណ្ឌូនេស៊ី ជាមួយសមិទ្ធផលដ៏ល្អប្រសើរ ក្នុងចំណោម ២ប្រកួតឈ្នះ ១ និងស្មើ ១ មិនស្គាល់ចាញ់ឡើយ។
សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិក្រៅដីលើកដំបូងនេះ ប្រកួតទី១ កម្ពុជា បានយកឈ្នះសិង្ហបុរី ៥-០ កាលពីថ្ងៃទី៦ ខែមិថុនា គ្រាដែលប្រកួតទី២ បានវាយបកស្មើម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-១ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
ជុំវិញលទ្ធផលមិនស្គាល់បរាជ័យនេះដែរ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានសម្រាប់វិស័យកីឡាបាល់ទាត់នារីនៅកម្ពុជា ក្នុងការកែប្រែមុខមាត់ថ្មីលើឆាកអន្ដរជាតិ តាមរយៈការបង្ហាញនូវទម្រង់លេងដ៏គួរភ្ញាក់ផ្អើល និងជាប្រវត្តិសាស្ដ្រថ្មីមួយ នៅក្នុងយុទ្ធនាការប្រកួតមិត្តភាពក្រៅដី។
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានលើកឡើងថា លទ្ធផល គឺជារឿងមួយ តែការកសាងរបៀបលេង និងបង្កើតអត្តសញ្ញាណក្រុម គឺជាមូលដ្ឋានគ្រឹះ ដែលលោកបានផ្ដោតសំខាន់សម្រាប់ការប្រកួតមិត្តភាពទាំងពីរ ដើម្បីត្រៀមការប្រកួតបន្ទាប់បន្ទាប់ទៀត នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា










