ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បាននិយាយនៅថ្ងៃពុធ១០ មិថុនានេះថា មេដឹកនាំកូរ៉េខាងជើង និងចិន បានអនុម័ត «ផែនការមេជាប្រយោជន៍វែងឆ្ងាយ» សម្រាប់ទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក Xi Jinping ទៅកាន់ទីក្រុងព្យុងយ៉ាង។

លោក ស៊ី បានវិលត្រឡប់ទៅប្រទេសលោកវិញកាលពីថ្ងៃអង្គារ៩មិថុនា បន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសកូរ៉េខាងជើងរយៈពេល២ថ្ងៃគឺថ្ងៃទី ៨ និង៩ មិថុនា ដែលរួមមានកិច្ចប្រជុំទ្វេភាគី និងការបង្ហាញខ្លួនជាសាធារណៈជាមួយមេដឹកនាំលោក Kim Jong Un ដែលគូសបញ្ជាក់ពីការជំរុញរួមគ្នាដើម្បីបង្កើតសម្ព័ន្ធភាពឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

លោកប្រធានាធិបតីចិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបានទទួលស្វាគមន៍មេដឹកនាំពិភពលោកមួយចំនួន រួមទាំងប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំរុស្ស៊ី Vladimir Putin នៅទីក្រុងប៉េកាំង។

ដំណើរទស្សនកិច្ចនេះក៏បានកើតឡើងចំពេលទំនាក់ទំនងដ៏កក់ក្តៅមិនធម្មតារវាងកូរ៉េខាងជើង និងរុស្ស៊ី ជាទីដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន និងគ្រាប់រំសេវដើម្បីជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនផងដែរ។
KCNA បាននិយាយថា សមមិត្ត គីម ជុងអ៊ុន និងសមមិត្ត ស៊ី ជិនពីង បានសម្តែងការពេញចិត្ត និងអារម្មណ៍ជ្រាលជ្រៅចំពោះការពិតដែលថាមេដឹកនាំទាំងពីរបានផ្តល់នូវផែនការដ៏វែងឆ្ងាយសម្រាប់ការអភិវឌ្ឍទំនាក់ទំនង។ប្រភពខាងលើបានបន្ថែមថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ប្រទេសទាំងពីរបានពង្រឹងមិត្តភាពបដិវត្តន៍ និងទំនាក់ទំនងជិតស្និទ្ធជាសមមិត្តបន្ថែមទៀត ហើយបានបញ្ជាក់ពីឆន្ទៈដ៏មុតមាំរបស់មេដឹកនាំទាំងពីរក្នុងការអភិវឌ្ឍចំណងមិត្តភាពប្រពៃណីរវាងកូរ៉េខាងជើង និងចិន ទៅជាគំរូនៃទំនាក់ទំនងដ៏មានឥទ្ធិពល និងជាយុទ្ធសាស្ត្របំផុត៕