ប្រជាជនរាប់រយនាក់នៅក្នុងទីក្រុងLa Paz និងទីក្រុង El Alto ដែលនៅជិតខាង បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Rodrigo Paz ប្រកាសស្ថានភាពគ្រាអាសន្នបន្ទាប់ពីការបិទផ្លូវជាង៤០ថ្ងៃ ដែលបានធ្វើឲ្យរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។

ការតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីការអំពាវនាវពីគណៈកម្មាធិការស៊ីវិល Pro La Paz និងក្រុមស៊ីវិលផ្សេងទៀត ដោយមានការជួបជុំស្រដៀងគ្នា ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនានារបស់ប្រទេសបូលីវី។ ប្រជាជនបាននិយាយថា ការបិទផ្លូវ បានធ្វើឱ្យតម្លៃទំនិញជាមូលដ្ឋានកើនឡើងយ៉ាងខ្លាំង បញ្ឈប់ការដឹកជញ្ជូន និងធ្វើឱ្យជីវភាពប្រចាំថ្ងៃមានភាពតានតឹងនៅទូទាំងតំបន់ទីប្រជុំជនធំបំផុតរបស់ប្រទេសបូលីវី ដែលមានប្រជាជនជិត២លាននាក់រស់នៅ។

លោកPaz ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពី៧ខែកន្លងទៅនេះ បានស្តីបន្ទោសការហ៊ុមព័ទ្ធលើក្រុមបង្កភាពវឹកវរដែលត្រូវបានចោទប្រកាន់ថាទទួលបានហិរញ្ញវត្ថុពីបណ្តាញជួញដូរគ្រឿងញៀន និងមានទំនាក់ទំនងជាមួយអតីតប្រធានាធិបតី លោក Evo Morales ។ ការបិទផ្លូវ កំពុងកើតឡើងក្នុងពេលការតវ៉ាជាច្រើនសប្តាហ៍ដោយធ្វើឡើងដោយសហជីព និងអ្នកគាំទ្រអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales ដែលកំពុងទាមទារឱ្យប្រធានាធិបតី លោក Rodrigo Paz លាលែងពីតំណែង និងការកែប្រែវិធានការរឹតត្បិតថវិការបស់លោក។ យោងតាមលោក Mariano Machado មកពីក្រុមហ៊ុនស៊ើបការណ៍ពីហានិភ័យបានឲ្យដឹងថាភាពវឹកវរបង្ហាញពីភាពមិនពេញចិត្តកាន់តែទូលំទូលាយជុំវិញតម្លៃទំនិញកើនឡើង គុណភាពប្រេង គោលនយោបាដីធ្លី និងការសន្យាក្នុងយុទ្ធនាការដែលមិនទាន់ត្រូវបានបំពេញ។ លោក Morales បានគាំទ្រចលនាតវ៉ា ដោយអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងចាត់ទុកភាពវឹកវរនេះ ថាជាការតតាំងប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោក Paz។