លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជួបមេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបខាងជើង (Nordic) និងប្រទេសនៅសមុទ្របាល់ទិក ( Baltic) ដែលបានទៅអេស្តូនីសម្រាប់កិច្ចប្រជុំកំពូលតំបន់កាលពីថ្ងៃអង្គារ៩មិថុនាសប្ដាហ៍នេះ ជាដំណើរទស្សនកិច្ចមួយកើតឡើងស្របពេលមានការប៉ះទង្គិចគ្នាជុំវិញយានដ្រូនរបស់អ៊ុយក្រែនដែលវង្វេងគន្លងចូលទៅក្នុងតំបន់នោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យានដ្រូនបានធ្លាក់ចូលទៅក្នុងបំពង់ផ្សែងនៃរោងចក្រថាមពលមួយនៅអេស្តូនី ហើយមួយបុកធុងប្រេងឥន្ធនៈទទេ នៅឡាតវី និងមួយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរ៉ូម៉ានីដែលឈរជើងនៅលីទុយអានី។ ក្រុមមន្ត្រីអ៊ុយក្រែនបានសុំទោស ដោយនិយាយថា យានដ្រូនទាំងនោះត្រូវបានតម្រង់គោលដៅយោធានៅក្នុងប្រទេសរុស្ស៊ីទេ ប៉ុន្តែត្រូវបានបញ្ជូនចេញពីផ្លូវដោយសារការជ្រៀតជ្រែកអេឡិចត្រូនិចរបស់រុស្ស៊ី។

ប្រទេសអេស្តូនីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅរដ្ឋធានី Tallinn របស់ខ្លួន ស្របពេលការលុកលុយទ្រង់ទ្រាយធំរយៈពេលជាង៤ ឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត។អេស្តូនីកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេសអឺរ៉ុបខាងជើង -សមុទ្របាល់ទិក ដែលជាក្រុមមានសមាជិក ៨ប្រទេស(Nordic-Baltic Eight )ក្នុងនោះប្រទេសនៅអឺរ៉ុបខាងជើងមានប្រាំ និងប្រទេសបាល់ទិកចំនួនបីទៀត ហើយបានប្រមូលផ្តុំនាយករដ្ឋមន្ត្រីនៃប្លុកនេះ រួមជាមួយលោក Zelenskyy ដែរ។

សមាជិកចំនួន៥ប្រទេសនៅអឺរ៉ុបខាងជើង មាន ដាណឺម៉ាក ហ្វាំងឡង់ ន័រវ៉េស អ៊ីស្លង់ និងស៊ុយអែត ចំណែក៣ទៀតនៅតំបន់សមុទ្របាល់ទិក មានអេស្តូនី ឡាតវី និងលីទុយអានី។
លោក Zelenskyy និងប្រធានាធិបតីអេស្តូនី លោក Alar Karis បានព្រមព្រៀងគ្នាធ្វើការលើវិធីចំណាយមានតម្លៃទាប ដើម្បីបាញ់ទម្លាក់យានដ្រូនដែលបានហោះហើរពីលើប្រទេសអេស្តូនី រួមទាំងយានដ្រូនមួយគ្រឿងដែលយន្តហោះចម្បាំងរបស់អង្គការណាតូបានបាញ់ទម្លាក់នៅលើភាគខាងត្បូងនៃប្រទេសនេះកាលពីខែឧសភា។លោក Zelenskyy ក៏បាននិយាយផងដែរថា អ៊ុយក្រែន និងនាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយានដ្រូនដើម្បីពង្រឹងកិច្ចការពារជាតិ និងការផលិតរួមគ្នា៕