មន្ត្រីយោធាម្នាក់បាននិយាយថា ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ួទី នៅក្នុងខេត្ត Hodeidah ភាគខាងលិចនៃប្រទេសនេះ នាព្រឹកថ្ងៃអង្គារ។

មន្ត្រីរូបនេះ បានប្រាប់សារព័ត៌មានស៊ីនហួរដោយសុំមិនបញ្ចេញឈ្មោះថា ការប្រយុទ្ធគ្នា បានផ្ទុះឡើងបន្ទាប់ពីក្រុមយុទ្ធជនហ៊ួទី បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងដែលគ្រប់គ្រងដោយកងកម្លាំងចម្រុះ ដែលជាសម្ព័ន្ធភាពនៃអង្គភាពគាំទ្ររដ្ឋាភិបាល នៅក្នុងសង្កាត់ Hays ភាគខាងត្បូងនៃទីក្រុង Hodeidah ដែលស្ថិតនៅជាប់នឹងសមុទ្រក្រហម។

មន្ត្រីដដែលបាននិយាយថា ការវាយប្រហារនេះ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងអស់ រយៈពេលជាច្រើនម៉ោង អំឡុងពេលដែលភាគីទាំងពីរ បានបាញ់កាំភ្លើងធុនមធ្យម និងអាវុធធុនធ្ងន់។
មន្ត្រីរូបនេះ បានបន្តថា កងកម្លាំងរដ្ឋាភិបាលបានរុញច្រានការវាយប្រហារ និងបានរារាំងការប៉ុនប៉ងជ្រៀតចូលទៅក្នុងទីតាំងរបស់ពួកគេ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ួទីអំពីការប៉ះទង្គិចគ្នាដែលបានរាយការណ៍នោះទេ។
ប្រទេសយេម៉ែន ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះ ចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមហ៊ួទី បានដណ្តើមគ្រប់គ្រងរដ្ឋធានី Sanaa ដោយបានជំរុញឲ្យសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតធ្វើអន្តរាគមន៍ នៅឆ្នាំ ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ៕