ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត ហើយវ៉ាក់សាំងទាំងនោះ នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ខណៈដែលវ៉ាក់សាំង មានស្រាប់នៅក្នុងឃ្លាំងស្តុកវ៉ាក់សាំងនៅរាជធានីភ្នំពេញមានជាង១១លានដូស។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញផ្នែកសុខាភិបាល កុំឱ្យគិតតែទៅលើផ្នែកសុខភាពពេក ដោយមិនគិតពីបញ្ហា សេដ្ឋកិច្ច សង្គម និងចិត្តសាស្ត្រពលរដ្ឋ ខណៈដែលនៅកម្ពុជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតនៃការគ្រប់គ្រងបានយ៉ាងល្អ និងករណីឆ្លងប្រចាំថ្ងៃមានកម្រិតតិចតួច៕
