កម្ពុជា-ជប៉ុនសហការបើកវគ្គបណ្តុះបណ្តាល ស្តីពីការសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដោយ ប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវគ្គ បណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីការសម្របសម្រួលក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ នេះថា ជុំវិញការសម្របសម្រួលវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ប្រកបដោយប្រសិទ្ធភាព, គឺមានសារៈ សំខាន់ក្នុងការបង្កើនចំណេះដឹងវិទ្យាសាស្ត្រ ទៅជាផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម និងក៏ជាស្ពានដ៏សំខាន់ ដែលនឹងទាញយក សក្តានុពលវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំជាលើកទី៣ហើយ ដែលធ្វើឡើងក្រោមភាព ជាដៃគូរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI), ស្ថានទូតជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ-ជាតិជប៉ុន (JICA) និងសាកលវិទ្យាល័យក្យូតូ។ កម្មវិធីសិក្សាគ្របដណ្តប់លើគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាយន្តការផ្តល់មូលនិធិ ការគ្រប់គ្រងគម្រោង ការទំនាក់ទំនង និងវិធីសាស្រ្តជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាប្រឈមដែល សហគ្រាស និងភាគីពាក់ព័ន្ធនៃការបង្កើតថ្មី។
សាស្ត្រាចារ្យ ហ៊ីដាគី អូហ្គាគី (HIDEAKI Ohgaki) នៃសាកលវិទ្យាល័យក្យូតូ លើកឡើងថា ភាពជាដៃគូយូរអង្វែងរវាង កម្ពុជានិងជប៉ុន បាននិងកំពុងជួយពង្រឹងសមត្ថភាពសម្របសម្រួលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា និង ក៏ជាការចូល រួមចំណែកដល់កិច្ចសហការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល វិស័យសិក្សា និងឧស្សាហកម្មផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ផងដែថា វគ្គបណ្តុះបណ្តាលការសម្របសម្រួលវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) គឺជាការផ្តោតទៅលើអភិបាលកិច្ច និងក៏ជាការពង្រឹងធនធានមនុស្សលើផ្នែកស្តែម (STEM) និងការយកវិស័យទាំងនេះទៅប្រើប្រាស់ក្នុងវិស័យពាក់ព័ន្ធនានាជាដើម។
លោក Matsuda Junsaku អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ ការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា គឺតាមរយៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ និងការច្នៃប្រឌិត។ ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែងក្នុងការអភិវឌ្ឍន៍សមត្ថភាព វិទ្យាសាស្ត្រ និងវិស្វកម្មរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ ២០០៣មក បណ្តាញសាកលវិទ្យាល័យអាស៊ាន និងបណ្តាញអភិវឌ្ឍន៍ការអប់រំវិស្វកម្មអាស៊ីអាគ្នេយ៍ បានផ្តល់លទ្ធភាព ឱ្យសមាជិកមហាវិទ្យាល័យជិត ៣០០ នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅ សាកលវិទ្យាល័យឈានមុខក្នុងតំបន់ និងប្រទេសជប៉ុន ហើយចាប់តាំងពីឆ្នាំ ២០១១ មក JICA ក៏បានគាំទ្រ ITC ក្នុងការពង្រឹងការ អប់រំផ្នែកវិស្វកម្ម សមត្ថភាពស្រាវជ្រាវ និងទំនាក់ទំនងរវាងវិស័យសិក្សា និងឧស្សាហកម្ម៕
អត្ថបទ៖ សុន រ៉ាឌី








