អ៊ុយក្រែន៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះលោកប្រធានាធិបតី Volodymyr Zelensky បានបង្ហាញពីប្រភេទហេតុការណ៍ដែលអាចបង្ខំឲ្យប្រទេសរបស់លោក ដកខ្លួនចេញពីការចរចាសន្តិភាពជាមួយក្រុង Moscow។

ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅស្ថានីយរថភ្លើងក្រោមដីមួយ ក្នុងចំណោមស្ថានីយរថភ្លើងក្រោមដីជាច្រើនរបស់រដ្ឋធានី Kiev ស្របពេលសង្គ្រាមនៅតែបន្ត លោក Zelensky ត្រូវបានសួរពីមធ្យោបាយដែលរដ្ឋាភិបាលរបស់លោកត្រូវឆ្លើយតបបែបណា ចំពោះការធ្វើប្រជាមតិទាមទារឯករាជ្យនាពេលអនាគត នៅក្នុងដែនដីគ្រប់គ្រងដោយរុស្ស៊ី។ លោកប្រធានាធិបតីបានទទួលស្គាល់ថា បញ្ហានេះនឹងបង្ខំឲ្យលោកបញ្ឈប់រាល់ការចរចាណាមួយជាមួយទីក្រុង Moscow។ លោក Zelensky និយាយថា បើប្រជាជនរបស់លោកត្រូវបានកម្ទេចនៅក្នុងទីក្រុង Mariupol ប្រសិនបើការធ្វើប្រជាមតិជាប្រជាមតិក្លែងក្លាយដែលត្រូវបានប្រកាស នៅក្នុងសាធារណរដ្ឋក្លែងក្លាយថ្មីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសរបស់លោកនឹងដកខ្លួនចេញពីដំណើរការចរចា។
ទីក្រុង Moscow បានប្រកាសការវាយដណ្ដើមកាន់កាប់ទីក្រុង Mariupol កាលពី ២ថ្ងៃមុន ទោះយ៉ាងណាក៏ដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានផ្អាកការវាយប្រហារលើរោងចក្រដែកថែប Azovstal ដែលនៅជាមូលដ្ឋានលាក់ខ្លួនចុងក្រោយរបស់ទាហានអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែដ៏សំខាន់មួយនេះ រួមទាំងក្រុមសមាជិកមកពីកងវីរសេនាធំណាស៊ីនិយមបែបថ្មី Azov៕
អត្ថបទ៖ សុខមាន