អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីបនៅថ្ងៃពុធនេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើប្រទេសហ្ស៊កដានី បារ៉ែន និងកូវ៉ែត ដោយពណ៌នាអំពីការវាយប្រហារទាំងនោះថា ជាការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់ និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងបី។
ប្រទេសកូវ៉ែត បារ៉ែន និងហ្ស៊កដានី បានរាយការណ៍ពីការស្ទាក់ចាប់យានដ្រូន សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស និងការបាញ់ទម្លាក់មីស៊ីល ស្របពេលមានការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅ ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងនូវ «សាមគ្គីភាពពេញលេញ» របស់ទីក្រុងគែរ ជាមួយរដ្ឋឈូងសមុទ្រទាំងបី និងបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះវិធានការដែលមានគោលបំណងការពារសន្តិសុខ ស្ថិរភាព និងទ្រព្យសម្បត្តិជាតិរបស់ពួកគេ។
ក្រសួងបាននិយាយថា ការវាយប្រហារទាំងនេះ បានគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃតំបន់ដ៏ធំទូលាយ ដោយសង្កត់ធ្ងន់ថា សន្តិសុខរបស់រដ្ឋអារ៉ាប់ គឺជា «ផ្នែកសំខាន់» នៃសន្តិសុខជាតិអេហ្ស៊ីប និងអារ៉ាប់៕
