លោក Jerome Bonnafont គឺជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ(UN) បានអំពាវនាវឲ្យមានការអនុវត្តទាំងស្រុងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើអ៊ីរ៉ង់ ហើយនិងជំរុញឲ្យមានការតែងតាំងជាបន្ទាន់នូវប្រធាន ដើម្បីត្រួតត្រាគណៈកម្មាធិការទណ្ឌកម្ម UN ។
លោក Bonnafont បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាល UN ស្ថិតក្នុងបុរីញូវយ៉ក ដោយរូបលោកនិយាយតាងនាមឲ្យបារ៉ែន ដាណឺម៉ាក ក្រិក អង់គ្លេស ឡាតវី សហរដ្ឋអាមេរិក អារ៉ាប់រួម បារាំង និងសហភាពអឺរ៉ុប ។

លោក Bonnafont និយាយថា បារាំងនៅតែប្តេជ្ញាចិត្តចំពោះការស្វែងរកដំណោះស្រាយការទូត ប៉ុន្តែលោកបានធ្វើការសង្កត់ធ្ងន់ថា មានតែកិច្ចព្រមព្រៀងដែលអាចទុកចិត្តបាន រឹងមាំ និងអាចផ្ទៀងផ្ទាត់បានមួយគត់ ទើបអាចដោះស្រាយសំនួរនុយក្លេអ៊ែរអ៊ីរ៉ងបាន ។
កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានក្រុមឃ្លាំមើលនុយក្លេអ៊ែរ UN លោក Rafael Grossi បានអំពាវនាវឲ្យអ៊ីរ៉ង់ចូលរួមជាមួយរូបលោក ដើម្បីឲ្យការអង្កេតអាចចាប់ផ្តើមឡើងវិញបាននៅលើទីតាំងដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទម្លាក់គ្រាប់បែកកាលពីរយៈពេល ១ឆ្នាំមុន ស្របពេលសហរដ្ឋអាមេរិក ដឹកនាំការជំរុញឲ្យមានដំណោះស្រាយចំពោះផលប៉ះពាល់ដល់ក្រុមប្រឹក្សាទីភ្នាក់ងាររបស់លោក ។
អ៊ីរ៉ង់នៅពុំទាន់បានជូនដំណឹងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនោះទេ ពីអ្វីបានកើតឡើងចំពោះទីតាំងនុយក្លេអ៊ែររងការទម្លាក់គ្រាប់បែកទាំងនោះ ឬសម្ភារៈនុយក្លេអ៊ែរ រួមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមត្រូវបានចម្រាញ់ដល់កម្រិតជិតគ្រាប់បែក ដែលបានស្តុកទុកនៅទីនោះ ៕
