យោងតាមសារព័ត៌មាន LRT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Inga Ruginiene បាននិយាយថា ការលុកលុយដោយយានដ្រូនថ្មីៗនេះ នៅរដ្ឋតំបន់បាល់ទិក បង្ហាញពីតម្រូវការមានវត្តមានរបស់អង្គការណាតូ (NATO) ឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែនប៉ែកខាងកើតរបស់សម្ព័ន្ធមិត្ត។

បន្ទាប់ពីមានកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុបខាងជើង-បាល់ទិក នៅទីក្រុង Tallinn ប្រទេសអេស្តូនី កាលពីថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) លោកស្រី Ruginiene បាននិយាយថា៖ «ឧប្បត្តិហេតុយានដ្រូនថ្មីៗនេះ បង្ហាញពីសារៈសំខាន់នៃការមានវត្តមានកាន់តែរឹងមាំរបស់កងកម្លាំងអង្គការណាតូ និងការទប់ស្កាត់ដ៏គួរឲ្យទុកចិត្ត នៅទូទាំងតំបន់ព្រំដែនប៉ែកខាងកើតទាំងមូលរបស់សម្ព័ន្ធមិត្ត»។
ការកត់សម្គាល់បែបនេះរបស់លោកស្រី បានកើតឡើងបន្ទាប់ពីមានការរំលោភលើដែនអាកាសជាច្រើនលើកថ្មីៗនេះ នៅក្នុងតំបន់បាល់ទិក។
កាលពីថ្ងៃចន្ទ យន្តហោះចម្បាំងបារាំងដែលចូលរួមក្នុងបេសកកម្មនគរបាលដែនអាកាសបាល់ទិករបស់អង្គការណាតូ បានបាញ់ទម្លាក់យានដ្រូន ១គ្រឿងដែលត្រូវបានប្រទះឃើញ នៅប្រទេសឡាតវី។ លោកស្រី Ruginiene បាននិយាយថា បទពិសោធន៍របស់អ៊ុយក្រែន ក្នុងការដោះស្រាយការគំរាមកំហែងបែបនេះ ផ្តល់នូវមេរៀនដ៏មានតម្លៃ សម្រាប់តំបន់នេះ៕

