បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះ កីឡាករក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាចំនួន ២៦នាក់ដើម្បីធ្វើតេស្ដដំណាក់កាលទី២ និងជម្រុះយកកីឡាករ ២០នាក់ចុងក្រោយទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភាខាងមុខ។
កីឡាករ ២៦នាក់ដែលបានឆ្លងកាត់ការធ្វើតេស្ដដំណាក់កាលទី១ ដែលមានបេក្ខភាពសរុប ៥០នាក់នោះគឺមានសមាជិកក្រុមបឹងកេត ៥នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ភ្នំពេញក្រោន ៣នាក់, ណាហ្គាវើលដ៏ ៣នាក់, វិសាខា ៣នាក់, ព្រៃវែង ៤នាក់, អង្គរថាយហ្គឺរ ២នាក់រួមជាមួយសមាជិកក្រុមកងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា និងគិរីវង់សុខសែនជ័យម្នាក់ៗដូចគ្នា។ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករទាំង ២៦នាក់នេះនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នាថ្ងៃទី២៦ ខែមេសាស្អែកដើម្បីជម្រុះយកកីឡាករ ២០នាក់ចុងក្រោយ សម្រាប់ធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែក្រោយ។ ការបង្ហាញបញ្ជីឈ្មោះកីឡាករចុងក្រោយនេះនឹងធ្វើឡើង ១ថ្ងៃមុនចេញដំណើរទៅទីក្រុងហាណូយដែល U23 កម្ពុជាគ្រោងចាកចេញពីមាតុភូមិនាថ្ងៃទី៣ ឬថ្ងៃទី៤ ខែឧសភាខាងមុខ។
សូមបញ្ជាក់ថា បេសកកម្មប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមសម្រាប់វិញ្ញាសាបាល់ទាត់បុរសគឺក្រុមជម្រើសជាតិ U23 កម្ពុជាស្ថិតក្នុងពូល B ខណៈកម្មវិធីប្រកួតរួមមានថ្ងៃទី០៩-ឧសភា កម្ពុជាត្រូវជួបក្រុម U23 ឡាវនាវេលាម៉ោង ៤ល្ងាច, ថ្ងៃទី១១-ឧសភា កម្ពុជាត្រូវជួបក្រុម U23 សិង្ហបុរីនាវេលាម៉ោង ៤ល្ងាច, ថ្ងៃទី១៤-ឧសភា កម្ពុជាត្រូវជួបក្រុម U23 ថៃនាវេលាម៉ោង ៧យប់ និងថ្ងៃទី១៦-ឧសភា កម្ពុជាត្រូវជួបក្រុម U23 ម៉ាឡេស៊ីនាវេលាម៉ោង ៤ល្ងាច៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕