ក្រុមហ៊ុនផលិតសោរនៅទីក្រុងភាគខាងជើង Aligarh ប្រទេសឥណ្ឌា និយាយថា តម្លៃលោហៈឡើងថ្លៃ រួមទាំងអាលុយមីញ៉ូម និងដែក ដោយសារជម្លោះអ៊ីរ៉ង់ បានរឹតបន្តឹងគំលាតប្រាក់ចំណូល និងធ្វើឲ្យអាក់ខានផែនការធុរកិច្ច ស្របពេលដែលវត្ថុធាតុដើម កាន់តែថ្លៃ ហើយនិងពិបាករកប្រភព ដោយសារការបិទផ្លូវនៅច្រកសមុទ្រ Hormuz ។
សង្រ្គាមអ៊ីស្រាអែល-សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បានបង្អាក់ដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ ធ្វើឲ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ហើយនិងរឹតបន្តឹងការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ធ្វើឲ្យកើតមានអតិផរណាលើវិស័យជាច្រើន ។
ផលប៉ះពាល់នៃសង្រ្គាមអ៊ីរ៉ង់លើផលិតកម្មអាលុយមីញ៉ូម និងការនាំចេញនៅតំបន់ឈូងសមុទ្រ បង្កើនការអាក់ខាននៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់ដែលបានផុយស្រួយរួចទៅហើយ ។
លោក Komal Katara គឺជាម្ចាស់រោងចក្រផលិតសោរមួយកន្លែងនិយាយថា គំលាតប្រាក់ចំណេញ កាន់តែតូចចង្អៀត ហើយឧស្សាហកម្មមួយនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា ស្មើនឹងប្រហែល ៩ភាគរយនៃផលិតកម្មអាលុយមីញ៉ូមសកល គឺជាលោហៈធាតុដ៏សំខាន់មួយ សម្រាប់ការសាងសង់ ការដឹកជញ្ជូន និងថាមពលកកើតឡើងវិញ ៕