
ប្រធានាធិបតីកេនយ៉ាលោក William Ruto និយាយនៅថ្ងៃពុធនេះថា ការរីករាលដាលឆ្លងជំងឺអេបូឡានៅប្រទេសជិតខាងកុងហ្គោ នៅតែជាក្តីបារម្ភមួយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសហ្វាំងឡង់ជាមួយសមភាគី Alexander Stubb លោក Ruto និយាយថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការតាំងពីដំបូងមកម្ល៉េះ ដើម្បីត្រៀមខ្លួនសម្រាប់រាល់ហេតុការណ៍ទាំងអស់ ។
លោកថា អង្គភាពធ្វើចត្តាឡីស័ក ២៣កន្លែង ត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសកុងហ្គោ ។
លោក Ruto និយាយទៀតថា ពួកយើងមានពលរដ្ឋកេនយ៉ារាប់ពាន់នាក់រស់នៅតំបន់ភាគខាងកើតកុងហ្គោ ។ ពួកយើងក៏មានទាហានឈរជើងនៅតំបន់ភាគខាងកើតកុងហ្គោផងដែរ ហើយក្នុងនាមពួកយើងគឺជាប្រទេសមួយ ពួកយើងត្រូវតែត្រៀមខ្លួនទុកជាមុន ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនក្រុមបាតុករដែលនាំគ្នាតវ៉ាប្រឆាំងនឹងមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋអាមេរិកដែលប៉ះពាល់នឹងជំងឺអេបូឡា បើទោះបីជាតុលាការកេនយ៉ា បញ្ជាឲ្យបញ្ឈប់ការងារសាងសង់បន្ថែមទៀតក៏ដោយ ។
មណ្ឌលចត្តាឡីស័យមាន ៥០គ្រែ ស្ថិតនៅមូលដ្ឋានទ័ពអាកាសនេះ បានធ្វើពលរដ្ឋជាច្រើនខឹងសម្បារ ដោយពួកគេចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ផ្លាស់ប្តូរបន្ទុកថែទាំអ្នកប៉ះពាល់នឹងជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា មកកាន់ប្រទេសកេនយ៉ា ៕