ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រលីបង់មួយ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់កាលពីថ្ងៃពុធ ១០ មិថុនា ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារនៅទូទាំងភាគខាងត្បូងរួមទាំងទីក្រុងឆ្នេរសមុទ្រស៊ីដុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋលីបង់ មុននេះ កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនក្រុមប្រឹក្សាក្រុងម្នាក់ និងបុគ្គលិកម្នាក់មកពីទីក្រុងព្រំដែន Kfarshuba ខណៈអ៊ីស្រាអែល និយាយថា ខ្លួនបានចាប់ខ្លួនមនុស្សពីរនាក់ ដែលបានចូលទៅជិតទាហានរបស់ខ្លួន។
បទឈប់បាញ់នៅលីបង់ដែលបានចូលជាធរមានកាលពីខែមេសា ២០២៦ នេះ មិនដែលត្រូវបាន គោរពនោះទេ ហើយបទឈប់បាញ់តាមលក្ខខណ្ឌថ្មីមួយដែលបានប្រកាសបន្ទាប់ពីការចរចារវាងលីបង់ និងអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ត្រូវបានបដិសេធដោយក្រុមសកម្មប្រយុទ្ធហេសបូឡា ហើយភាគីទាំងពីរបានបន្តប្រហារគ្នា។

កិច្ចព្រមព្រៀងនេះមិនបាននិយាយអំពីការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទេ។
ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រលីបង់បាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុង Tayr Dibba និងទីក្រុង Deir Qanun al-Nahr ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ខាងលើ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងហោចណាស់បួនលើកលើទីក្រុង Tayr Dibba និងពីរលើកលើទីក្រុង Deir Qanun al-Nahr។
ទីភ្នាក់ងារនេះក៏បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលលើយានយន្តមួយគ្រឿងនៅទីក្រុង Sidon ជាទីក្រុងមួយដែលមិនសូវមានការវាយប្រហារធំៗរបស់អ៊ីស្រាអែល និងជាកន្លែងដែលមានប្រជាជនភៀសខ្លួនច្រើនរត់ទៅជ្រកោននៅទីនោះផងដែរ៕
