អ៊ីរ៉ង់ បានអះអាងពីការវាយប្រហារលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន និងគូវ៉ែត ព្រមទាំងបានកំណត់គោលដៅលើនាវាពីរគ្រឿងនៅច្រកសមុទ្រ Hormuz ដើម្បីសងសឹកចំពោះការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកទៅលើប្រទេសនេះ។

យោធាអាមេរិកបាននិយាយថា ការវាយប្រហារកាលពីយប់ថ្ងៃពុធគឺជាការឆ្លើយតបទៅនឹងការឈ្លានពានដែលមិនសមហេតុផល និងនៅបន្តរបស់អ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះនៅកោះ Qeshm និងនៅក្នុងទីក្រុង Bandar Abbas និងទីក្រុង Sirik នៅតាមបណ្តោយច្រកសមុទ្រ Hormuz។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចោទប្រកាន់សហរដ្ឋអាមេរិកពីការ «រំលោភម្តងហើយម្តងទៀត» លើបទឈប់បាញ់កាលពីខែមេសា និងបាននិយាយថាច្រកសមុទ្រ Hormuz ត្រូវបានបិទរហូតដល់មានការផ្តល់ព័ត៌មានបន្ថែម។

កងឆ្មាំបាននិយាយថា ការធ្វើចរាចរណ៍ទាំងអស់នៅលើផ្លូវទឹកដ៏សំខាន់ រួមទាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្មនឹងត្រូវរងផលប៉ះពាល់ ហើយបានច្រានចោលទាំងស្រុងនូវការអះអាងកាលពីពេលមុនរបស់លោក Trump ដែលថា យោធាអាមេរិក ជួយនាវាឲ្យឆ្លងកាត់ច្រកសមុទ្រនេះ។ កងឆ្មាំបាននិយាយបន្ថែមថា នាវាដឹកប្រេងពីរគ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយខុសច្បាប់ត្រូវបានវាយប្រហារ និងបានអះអាងថា យានដ្រូនបានវាយប្រហារមូលដ្ឋានកងទ័ពអាកាស Sheikh Isa នៅប្រទេសបារ៉ែន និងមូលដ្ឋានកងទ័ពអាកាស Ali Al Salem មូលដ្ឋានកងទ័ពអាកាស Ahmad Al-Jaber នៅក្នុងប្រទេសគូវ៉ែត ។ ការរីកធំជម្លោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីភាគីទាំងពីរបានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ជុំវិញការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្បួននាវាទីប្រាំរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន មូលដ្ឋានកងទ័ពអាកាស Ali Al Salem នៅក្នុងប្រទេសគុយវ៉ែត ព្រមទាំងមូលដ្ឋានកងទ័ពអាកាស Azraq នៅប្រទេសហ្ស៊កដានី ។