ក្រុមគ្រួសាររបស់បុរសម្នាក់ដែលបានបាត់បង់ភ្នែកម្ខាងក្នុងការវាយប្រហារដោយកាំបិតបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់កាលពីថ្ងៃពុធ១០ មិថុនា សប្ដាហ៍នេះ បន្ទាប់ពីឧបទ្ទវហេតុនេះបានបង្កឱ្យមានរលកនៃអំពើហិង្សាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅទីក្រុងបែលហ្វាស (Belfast) ពេញមួយយប់ ដោយក្រុមបុរសពាក់ម៉ាស់រាប់រយនាក់ដុតបំផ្លាញផ្ទះសម្បែង និងដុតរថយន្តនៅទីតាំងមួយចំនួន។
ការអំពាវនាវនេះបានកើតឡើង ខណៈបុរសជនជាតិស៊ូដង់ម្នាក់ បានបង្ហាញខ្លួននៅតុលាការដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងក្រុមអ្នកនយោបាយនៅដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេស បានថ្កោលទោសអំពើហិង្សាពីសំណាក់ក្រុមមនុស្សពាក់ម៉ាស់ ដែលបានកំណត់គោលដៅជនជាតិភាគតិច។
នគរបាលបានប៉ះទង្គិចជាមួយអ្នកតវ៉ានៅយប់ទីពីរជាប់គ្នាកាលពីថ្ងៃពុធ ដោយដាក់ពង្រាយកាណុងទឹក និងរថយន្តពាសដែកប្រឆាំងនឹងក្រុមបុរសវ័យក្មេងមួយចំនួនតូចដែលកំពុងគប់ឥដ្ឋ និងបាញ់កាំជ្រួចនៅភាគខាងជើងនៃទីក្រុងបែលហ្វាស។ ប៉ុន្តែមានភាពចលាចលតិចជាងពេលដូចគ្នាកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីវីដេអូនៃការវាយប្រហារដោយកាំបិតបានរីករាលដាលពាសពេញអនឡាញ។
ក្រុមគ្រួសាររបស់ជនរងគ្រោះឈ្មោះ Stephen Ogilvie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងចង់បញ្ជាក់ឱ្យច្បាស់ថាភាពចលាចលពេញមួយយប់មិនត្រូវបានស្វាគមន៍ទេ ហើយការតវ៉ាដោយសន្តិវិធីគឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខ"។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងមានជនអន្តោប្រវេសន៍ជាច្រើនដែលបានចូលរួមចំណែកយ៉ាងមានតម្លៃដល់ប្រទេសរបស់យើង យើងមិនចង់ឲ្យសោកនាដកម្មដ៏អាក្រក់នេះត្រូវបានប្រើប្រាស់ដើម្បីបែងចែកមនុស្ស ឬបញ្ឆេះអរិភាពឡើយ៕