
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅក្នុងកម្មវិធីបាឋកថាលើកទី៤ ស្តីពី «បរិវត្តកម្ម ឬការកែទម្រង់រដ្ឋបាលសាធារណៈ» ដែលរៀបចំឡើងជូនដល់គណៈគ្រប់គ្រង សិស្សមន្ត្រី និងកម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ថ្លែងទៅកាន់សិស្សមន្ត្រី និងកម្មសិក្សាការី ដែលត្រៀមខ្លួនត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញទឹកចិត្តឱ្យពួកគេយកចំណេះដឹង និងបទពិសោធថ្មីៗដែលទទួលបានពីសាលា ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូ គឺជាមូលដ្ឋានគ្រឹះ និងជាឧបករណ៍ដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួន និងជំរុញភាពជោគជ័យក្នុងការងារនាពេលអនាគត។
ទន្ទឹមនឹងនេះ ដើម្បីក្លាយជាមន្ត្រីរាជការដ៏ល្អឥតខ្ចោះ ឯកឧត្តមបានផ្តល់នូវសារផ្តាំផ្ញើសំខាន់ៗមួយចំនួន ដោយប្រកាន់ខ្ជាប់នូវវិន័យ និងវិជ្ជាជីវៈ ពោលគឺត្រូវគោរពវិន័យការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច ដើម្បីរក្សាបាននូវ «ឧត្តមភាពជាមន្ត្រីរាជការ»។ បន្ថែមលើនេះ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំតាមរយៈការបំពេញបេសកកម្មដោយការទទួលខុសត្រូវខ្ពស់ និងយកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាអាទិភាព។