ស្ថាប័នរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការទទួលយក និងបរិវត្តកម្មដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថលឱ្យរស់រវើក ជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។

ជុំវិញសេដ្ឋកិច្ចឌីជីថល គឺជាសកម្មភាពសេដ្ឋកិច្ចទាំងឡាយណា ដែលពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន (ICT) និងអ៊ីនធឺណិត ដោយរួមបញ្ចូលទាំងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ សេវាកម្មតាមរយៈប្រព័ន្ធអនឡាញដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់ឌីជីថល និងការបង្កើតគំរូធុរកិច្ចថ្មីៗ។ បញ្ហានេះរាជរដ្ឋាភិបាលត្រូវដើរ តួនាទីជាស្នូលឈានមុខគេ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្នុង គោលដៅកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក លើកកម្ពស់ផលិតភាព និងពង្រឹងសុខុមាលភាពសង្គម។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងដាក់ឱ្យដំណើរការជាផ្លូវការនូវ "មិត្ត ហ្វូនអិចប្រេស" ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថា ខណៈពេលដែលពាណិជ្ជកម្មតាមបែបឌីជីថលបន្តកើនឡើងជាលំដាប់ សេវាកម្មភស្តុភារកម្មដែលមានប្រសិទ្ធភាព និងសេវាកម្មឌីជីថលដែលមានទំនុកចិត្ត មានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួល ការផ្លាស់ទីទំនិញឆ្លងកាត់ព្រំដែន។ ឯកឧត្តមបន្ថែមថា ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលអាចរីកចម្រើនទៅមុខបាន បណ្ដាញសំខាន់ៗចំនួន ត្រូវការជាចាំបាច់ ដើម្បីជំរុញដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា ជុំវិញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាកម្លាំងចលករស្នូលដែលជំរុញសេដ្ឋកិច្ចឌីជីថលផងដែរ ជួយពន្លឿនកំណើន តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ បង្កើតផលិតភាពខ្ពស់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញសហគ្រិនភាព និងជួយ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការជួយដល់សេដ្ឋកិច្ចឌីជីថលមានទម្រង់ជាក់ស្តែងដូចជា ការបង្កើនផលិត- ភាព និងភាពច្នៃប្រឌិត, ការលើកកម្ពស់អក្ខរកម្ម និងធនធានមនុស្ស, ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ការតភ្ជាប់ និងហេដ្ឋារចនា សម្ព័ន្ធជាដើម។
ពាក់ព័ន្ធការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានដាក់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក លើកកម្ពស់ផលិតភាព និងពង្រឹងសុខុមាលភាពសង្គម។ ដើម្បីចាប់យកសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៥រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការកសាងពលរដ្ឋឌីជីថល, ការកសាងរដ្ឋាភិបាលឌីជីថល, ការជំរុញធុរកិច្ចឌីជីថល និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បី ជំរុញការទទួលយកគ្រប់តួអង្គ ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី៕ អត្ថបទ៖ សុន រ៉ាឌី
