អ៊ុយក្រែន៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនជនជាតិអ៊ុយក្រែនដែលបានរត់ចេញពីប្រទេសរបស់ខ្លួន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពី ២ខែកន្លងទៅនេះកំពុងកើនឡើងដល់ជិត ៥លាន ២សែននាក់។

ឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា តួលេខសរុបចំនួន ៥,១៨៦,៧៤៤នាក់ គឺកើនឡើង ២៣,០៥៨នាក់គិតតាមទិន្នន័យកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ជនជាតិអ៊ុយក្រែនជាង ១,១៥១,០០០នាក់បានចាកចេញពីប្រទេសនេះអំឡុងខែមេសាធៀបនឹងចំនួនជាង ៣លាន ៤សែននាក់តែនៅក្នុងខែមីនាប៉ុណ្ណោះ។ ទិន្នន័យចុងក្រោយបំផុតមានឡើង ខណៈប្រជាជនអ៊ុយក្រែនប្រារព្ធពិធីបុណ្យអ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុកកាលពីថ្ងៃអាទិត្យ។
លោក Filippo Grandi ប្រធានឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា សម្រាប់ពលរដ្ឋអ៊ុយក្រែន និងអ្នកទាំងឡាយដែលបានបង្ខំចិត្តរត់ភៀសខ្លួនចេញពីប្រទេសនេះ វានឹងក្លាយជាថ្ងៃផ្សេងទៀតដែលប្រកបដោយភាពភ័យខ្លាច ទុក្ខព្រួយ ការបាត់បង់ និងការព្រាត់ប្រាសចេញពីមនុស្សជាទីស្រឡាញ់ ខណៈដែលសង្គ្រាមនៅតែបន្តដោយគ្មានក្ដីអាណិតអាសូរ៕
អត្ថបទ៖ សុខមាន