នៅក្នុងសារវីដេអូមួយកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រហូតមកដល់ពេលនេះកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡាជិត១ម៉ឺននាក់ ខណៈយោធានៅបន្តវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់។ លោកនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងវីដេអូថា យោធាអ៊ីស្រាអែល បានបោសសម្អាតជាប្រព័ន្ធកងកម្លាំងហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងត្បូងប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងរបស់ក្រុមហេសបូឡា និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធហេសបូឡានៅទីក្រុង Tyre និងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ការវាយប្រហារតាមអាកាស បានវាយប្រហារលើទីតាំងលាក់ទុកអាវុធរបស់ហេសបូឡានៅទីក្រុង Tyre បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំង ។

ការវិវត្តនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែល និងលីបង់ កំពុងចូលរួមក្នុងការចរចាដោយផ្ទាល់សម្របសម្រួលដោយសហរដ្ឋអាមេរិកលើសន្តិសុខព្រំដែននិងបញ្ហាបន្ទាន់ផ្សេងៗទៀត ទោះបីជាភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើស្ថានភាពនៃវត្តមានក្រុមប្រដាប់អាវុធរបស់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ និងលក្ខខណ្ឌនៃការរៀបចំបទឈប់បាញ់ក៏ដោយ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា មក បានសម្លាប់មនុស្សចំនួន៣.៦៩៦នាក់នៅក្នុងប្រទេសលីបង់ និងរងរបួសចំនួន១១.៤១៣នាក់ផ្សេងទៀត។