ទីស្នាក់ការកណ្ដាល Khatam al-Anbiya នៃទីបញ្ជាការយោធាដ៏សំខាន់របស់អ៊ីរ៉ង់ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថា ច្រកសមុទ្រ ហ័រមូស (Strait of Hormuz)ត្រូវបានបិទចំពោះការឆ្លងកាត់របស់គ្រប់នាវាទាំងអស់ រួមទាំងនាវាដឹកប្រង និងនាវាពាណិជ្ជកម្មដោយសារការគំរាមកំហែងផ្នែកសន្តិសុខក្នុងផ្លូវទឹកនេះ។

ទីស្នាក់ការកណ្តាលនេះបានព្រមានថា នាវាណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះនឹងត្រូវកំណត់គោលដៅ។

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ក៏បានប្រកាសផងដែរថា ច្រកសមុទ្រហ័រមូសត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម ដោយសារសហរដ្ឋអាមេរិកបានរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត។
កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានព្រមានថា គ្មាននាវាណាមួយត្រូវបានអនុញ្ញាតឱ្យចាកចេញពីកំពង់ផែរបស់ខ្លួននៅក្នុងឈូងសមុទ្រពែក្ស ឬឈូងសមុទ្រអូម៉ង់ឡើយ ហើយការចូលទៅជិតច្រកសមុទ្រនេះនឹងត្រូវបានចាត់ទុកថាជាការសហការជាមួយសត្រូវ៕