គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងរៀបចំរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងបំផុសការផ្សព្វផ្សាយពីដំណើរត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងបំផុសស្មារតីសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃអូឡាំពិក សម្ដៅជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ដែលជាក្ដីរំពឹងនឹងមានអ្នកចូលរួមចន្លោះពី ៧០០ ទៅ ៨០០នាក់។
គួរដឹងថា ទិវាអូឡាំពិក ឬ Olympic Day នេះ គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណតម្លៃកីឡាអូឡាំពិក និងបំផុសចលនាអូឡាំពិក ។ ក្នុងនាមសមាជិក NOCC ក៏តែងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះរៀងរាល់ឆ្នាំផងដែរ ខណៈនេះជាឆ្នាំទី៣ ហើយ ដែលទិវាប្រចាំឆ្នាំនេះ ត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ចំណែកវេទិកាអត្តពលិកជាតិ ទើបតែត្រៀមរៀបចំលើកទី២ ក្រោយការរៀបចំលើកដំបូង ទទួលបានជោគជ័យ និងបំផុសស្មារតីកីឡាដល់សិស្សានិសិស្សជាច្រើន តាមរយៈការចូលរួមពីវាគ្មិន ដែលជាអតីត និងកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នើមៗ របស់កម្ពុជា។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីលេងកីឡាកម្សាន្ដជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា







