អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS Newsថា ការចរចាលើកិច្ចព្រមព្រៀងដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចចំណាយពេលច្រើនខែ ទោះបីជាវាក៏អាចទៅរួចដែរ ដែលភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀង ក្នុងរយៈពេលមួយសប្តាហ៍ក៏ដោយ។

លោកបាននិយាយថា៖«ខ្ញុំមានអារម្មណ៍ថា យើងស្ថិតក្នុងជំហរមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលល្អសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយវាពិតជាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ មិនមែនគ្រាន់តែឥឡូវនេះទេ មិនមែនគ្រាន់តែនៅពេលដែលលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីនោះទេ ប៉ុន្តែសម្រាប់ រយៈពេលវែង ដែលកូនៗរបស់ខ្ញុំ អាចនិយាយបានថា នៅពេលដែលពួកគេពេញវ័យ អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ នោះគឺជាគោលដៅនៃគោលនយោបាយ ហើយខ្ញុំគិតថា យើងជិតដល់ការសម្រេចគោលដៅនោះហើយ ប៉ុន្តែយើងនៅតែមានការងារដែលត្រូវធ្វើ យើងនឹងបន្តធ្វើវា»។

លោក Vance បានបន្ថែមថា៖«ខ្ញុំគិតថា យើងនឹងដឹងច្រើនមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ សូមមើលចុះ ខ្ញុំគិតថា កិច្ចព្រមព្រៀងនេះ អាចកើតឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែកិច្ចព្រមព្រៀង ក៏អាចកើតឡើង នៅប៉ុន្មានខែទៀតដែរ»៕