ភ្នំពេញ ៖ ការនាំទំនិញចេញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង បានកំណើនជាប់គ្នារយៈពេលពីរខែដើមឆ្នាំ ទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល។
យោងតាមរបាយការណ៍ពីសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ ការនាំចេញទំនិញពីប្រទេសកម្ពុជាទៅទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ប្រមាណ ៦៤ លានដុល្លារ មានកំណើន ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។ ដោយឡែក កម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូងវិញ មានទំហំទឹកប្រាក់សរុប ៩៣ លានដុល្លារ ធ្លាក់ចុះឡើង ៣,៨ ភាគរយ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារកូរ៉េខាងត្បូង មាន ដូចជា សំលៀកបំពាក់ ផលិតផលស្បែកជើង ផលិតធ្វើដំណើរ គ្រឿងបង្គំអគ្គិសនី និងផលិតផលកសិកម្ម ។ ចំណែកផលិតផលដែលកូរ៉េខាងត្បូងនាំចូលមកកម្ពុជាវិញ មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលបា្លស្ទិក។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង រំពឹងថា នឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេសទាំងពីរ ចូលជាធរមាន ខណៈសេចក្កីព្រាងនៃកិច្ចព្រមព្រៀងនេះ ស្ថិតក្នុងដំណាក់កាលពិភាក្សា ដែលគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០នេះ។
ក្នុងឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េខាងត្បូង ធ្លាក់ចុះ ១៤ភាគរយ មកត្រឹម ៨៨៤លានដុល្លារ ដោយសារការរីករាលដាលជំងឺកូវីដ១៩។ ក្នុងនោះ កម្ពុជា នាំចេញទៅកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៣១៧ លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ៕
អត្ថបទ៖ វណ្ណៈ
