បាល់ទាត់៖ ក្រុមអេស្ប៉ាញ FC Barcelona បានរងបរាជ័យក្នុងទឹកដីរបស់ខ្លួន ៣ប្រកួតជាប់គ្នាជាលើកដំបូងក្នុងរដូវកាលក្រោយចាញ់ Rayo Vallecano ១-០។ មួយគ្រាប់ជ័យជម្នះតាំងពីនាទីទី៧ ដោយ Alvaro Garcia គ្រប់គ្រាន់ល្មមនឹងឱ្យក្រុមរបស់ Xavi Hernandez ស្គាល់បរាជ័យក្នុងផ្ទះ ៣ប្រកួតជាប់គ្នាជាលើកទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ។

បន្ទាប់ពីចាញ់ Eintracht Frankfurt នៅ Europa League ចាញ់ Cadiz នៅ La Liga សប្តាហ៍មុន និងចាញ់ Vallecano នេះគឺជាលើកទី២ ដែល Barcelona ចាញ់ក្នុងផ្ទះ ៣ប្រកួតជាប់គ្នារាប់ពីរដូវកាល ១៩៩៨-៩៩ ដោយនៅពេលនោះ Barcelona ស្ថិតក្រោមការដឹកនាំរបស់លោក Louis van Gaal។ បរាជ័យរបស់ Barcelona នេះដែរក៏បានធ្វើឱ្យក្រុមកំពូលតារាង Real Madrid ត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯក La Liga លើកទី៣៥ ពោលគឺត្រូវការត្រឹមស្មើពេលជួប Espanyol នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ