ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលដែលបានធ្វើឱ្យ៤ឆ្នាំ ចុងក្រោយកម្ពុជា គ្មានការស្លាប់ដោយគ្រុនចាញ់ បើទោះជាប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ។
ការលើកឡើងរបស់សម្តេចតេជោបែបនេះ តាមរយៈសារក្នុងឱកាសខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។
សម្តេចតេជោ បានគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន ។
សម្តេចបន្តថា សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺន ករណី និងស្លាប់ជិត ១.០០០នាក់ នាទស្សវត្សឆ្នាំ៨០ ។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានអ្នកស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
សម្តេចតេជោ បានបន្តថា សម្រាប់ទិសដៅទៅអនាគត, កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយ សហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិនជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ទំនុកចិត្ត, ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ ២០២៥ ៕អត្ថបទ មុត សុត

