រដ្ឋមន្រ្តីការបរទេសតំបន់ឈូងសមុទ្រ បានជួបជុំគ្នានៅប្រទេសបារ៉ែន ស្របពេលភាពតានតឹងក្នុងតំបន់កើនឡើងជាមួយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់លើប្រទេសបារ៉ែន គូវែត និងហ៊្សកដានី ។
សេចក្តីថ្លែងការណ៍ចេញក្រោយជំនួបដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) បានថ្កោលទោសអ្វីដែលពួកគេចាត់ទុកថា ជាការវាយប្រហារយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់លើប្រទេសទាំង ៣ និងបានចាត់ទុកវាថា ជាការបំពានអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ។

ប្លុកមួយនេះ បានបង្ហាញសាមគ្គីភាពជាមួយបារ៉ែន គូវ៉ែត និងហ៊្សកដានី ហើយពួកគេនិយាយថា សន្តិសុខរបស់រដ្ឋសមាជិក ពុំអាចបំបែកបានឡើយ ។
ក្រុមប្រឹក្សា GCC និយាយថា ប្រព័ន្ធការពារ និងការពារដែនអាកាស បានឆ្លើយតបចំពោះការវាយប្រហារទាំងនេះ ហើយពួកគេបានបញ្ជាក់ឡើងវិញ ពីអ្វីដែលពួកគេចាត់ទុកថា ជាសិទ្ធិរបស់រដ្ឋសមាជិក ក្នុងការការពារខ្លួនឯង ជាលក្ខណៈបុគ្គល និងជាលក្ខណៈសមូហភាព ក្រោមមាត្រា ៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។
ក្រុមរដ្ឋមន្រ្តីការបរទេសប្លុកមួយនេះ បានអំពាវនាវផងដែរឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ និងឲ្យពួកគេទទួលខុសត្រូវ ខណៈបញ្ជាក់ឡើងវិញការគាំទ្ររបស់ប្លុក សម្រាប់ដំណោះស្រាយការទូត និងស្ថិរភាពក្នុងតំបន់ ៕
