សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងឈានទៅជួយរាជរដ្ឋាភិបាល លើការផលិតសម្ភារៈដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចផ្ទាល់មិនទុកឱ្យនរណាមកមើលងាយកម្ពុជាបានទេ, មិនទុកឱ្យនរណាប្រមាថកម្ពុជាទេ ហើយកម្ពុជាត្រូវមានសេចក្ដីថ្លៃថ្នូរលើការងារការពារជាតិមាតុភូមិរបស់ខ្លួន។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដ៏រាបណាសម្ដេចនៅ គឺត្រូវតែពង្រឹងវិស័យការពារជាតិនេះឱ្យរឹងមាំ ហើយកម្ពុជាពង្រឹងវិស័យការពារជាតិនេះ មិនមែនដើម្បីទៅឈ្លានពាននរណាទេ ប៉ុន្ដែគឺពង្រឹងសន្ដិសុខជាតិរបស់ខ្លួនតែប៉ុណ្ណោះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា មធ្យោបាយការពារជាតិកម្ពុជាក៏កំពុងបន្តធ្វើ និងផលិតរឿងជាច្រើនទៀតដែរ ដើម្បីពង្រឹងលើវិស័យការពារជាតិរបស់កម្ពុជា។













