អ៊ុយក្រែន៖ ការវាយប្រយុទ្ធគ្នាដ៏ស្វិតស្វាញនៅក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ខែទី៣ ហើយ ខណៈរុស្ស៊ីនៅតែបន្តបាញ់ផ្លោងលើទីក្រុងកំពង់ផែភាគខាងត្បូង Mariupol និងបានបើកការវាយប្រហារថ្មីៗនៅទូទាំងតំបន់ Donbas ខណៈពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនប្រារព្ធពិធីបុណ្យអ៊ីស្ទ័រនៃគ្រិស្តសាសនិកនិកាយអូថូដុក (Orthodox Easter)។

កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែនបានអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងទីក្រុងសមរភូមិ Mariupol សម្រាប់ថ្ងៃពិធីបុណ្យអ៊ីស្ទ័រនៃគ្រិស្តសាសនិកនិកាយអូថូដុក ដែលបានប្រារព្ធឡើងទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ គេបានដឹងភ្លាមៗថា កងកម្លាំងរបស់រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសបន្ថែមទៀត ស្រោចទៅលើរោងចក្រស្លដែក Azovstal ក្នុងទីក្រុង Mariupo ដើម្បីវាយបណ្ដេញទាហានអ៊ុយក្រែនសេសសល់ចុងក្រោយ កំពុងលាក់ខ្លួនក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Oleksandr Shtupun។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយនៅលើបណ្ដាញសង្គម Twitter ភ្លាមៗថា កន្លែងដែលជនស៊ីវិល និងកងទ័ពជើងទឹករបស់យើងស្នាក់នៅកំពុងរងការបាញ់ផ្លោង ដោយមានការទម្លាក់គ្រាប់បែបពីលើអាកាស និងកាំភ្លើងធំ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងពេលប្រទេសនេះប្រារព្ធពិធីបុណ្យ Easter ក្នុងទីក្រុង Mariupol៕
អត្ថបទ៖ សុខមាន