លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ១១ មិថុនាសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅចុងសប្តាហ៍នេះ ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបថា ខ្លួនពុំទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងនោះទេ។

កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានបញ្ជាក់ នឹងក្លាយជាការទម្លាយភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុត ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ផ្នែកធំៗនៃអត្ថបទដែលកំពុងចរចាត្រូវបានបញ្ចប់ ប៉ុន្តែអ៊ីរ៉ង់នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួនឡើយ។

លោកថា ពួកលោកមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយលើបញ្ហានេះនៅឡើយទេ។ នេះគឺជាបញ្ហាដ៏សំខាន់មួយ ដែលកំពុងត្រូវបានពិនិត្យឡើងវិញដោយស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា ពួកលោកទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់បានយ៉ាងល្អ។
នៅពេលសួរថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានអនុម័តកិច្ចព្រមព្រៀងនោះឬនៅ លោក Trump ឆ្លើយថា រូបលោកយល់ថា ចំម្លើយ គឺ ពិតមែនហើយ លោក ជឿថា បានអនុម័តហើយ ៕