ភ្នំពេញ៖ អាជ្ញាធររាជធនីភ្នំពេញ បន្តចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតតាមខ្នងត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ខណៈដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួនជាង ៣០ភាគរយ។
ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានមានសកម្មភាពចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស លោក ឆេក ជៀក ចៅសង្កាត់ទួលទំពូងទី១ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញប្រាប់BTV Newsឲ្យដឹងថា ដើម្បីឲ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខប្រព្រឹត្តទៅតាមផែនការ អាជ្ញាធរបានសហការជាមួយ គឃ.សប ក្នុងការរៀបចំក្រុមការងារចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ សម្រាប់ជាការក្រើនរំលឹកអំពីការអញ្ជើញប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោម ឆេង ជៀក បានបញ្ជាក់ថា ការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋជ្រាបអំពីព័ត៌មានផ្ទាល់ខ្លួន និងជាពិសេសការិយាល័យបោះឆ្នោតជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណព័ត៌មាន លើកឡើងថា ការរៀបចំប័ណ្ណព័ត៌មាននេះជាការបង្កលក្ខណៈងាយស្រួល និងផ្តល់ព័ត៌មានកាន់តែលម្អិតរបស់ពួកគាត់សម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
បន្ទាប់ពីការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គ.ជ.ប នឹងឈានទៅរកការត្រៀមដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ៕អត្ថបទ សេក ឧត្តម