ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ មិថុនាសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន និងក្រុមគ្រួសាររបស់លោក ត្រូវបានហាមប្រាមមិនឱ្យចូលជាន់ដីប្រទេសចិន ដោយសារតែការអត្ថាធិប្បាយដែលលោកបានធ្វើឡើងអំពីការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។

ក្រសួងខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិលោកGilberto Teodoro និងភរិយា និងកូនៗរបស់លោក ត្រូវបានហាមមិនឱ្យចូលក្នុងប្រទេសចិន រួមទាំងទីក្រុងហុងកុងផងដែរ ខណៈបុគ្គល និងក្រុមនានានៅក្នុងប្រទេសចិន ក៏ត្រូវបានហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការណាមួយជាមួយលោក Teodoro ដូចគ្នា ។
លោក Teodoro ត្រូវបានគេស្គាល់ថាបានប្រើភាសាខ្លាំងៗដើម្បីប្រឆាំងនឹងការអះអាងសិទ្ធិររបស់ប្រទេសចិនលើដែនទឹកយុទ្ធសាស្ត្រ ដោយហៅការលើកឡើងទាំងនោះថាជា "រឿងប្រឌិត និងការកុហក" ដែលគ្មានប្រទេសអាស៊ីអាគ្នេយ៍ណាអាចទទួលយកបាន។
ទីក្រុងម៉ានីល បានប្រតិកម្មទៅនឹងទណ្ឌកម្មនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដដែល ដោយនិយាយថាហ្វីលីពីនចាត់ទុកបម្រាមនេះថាជាទង្វើមិនត្រឹមត្រូវ ដែលនឹងនាំឲ្យមានភាពស្មុគស្មាញថែមទៀតដល់ទំនាក់ទំនងទ្វេភាគី៕

