ភ្នំពេញ៖ ស្របពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានធានាអះអាងពីសមត្ថភាពផលិតសាច់ស្រស់ពីសត្វនៅកម្ពុជាគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុកដែលមានចំនួន ៣៣៨ ពាន់តោន កាលពីឆ្នាំ២០២៥កន្លងទៅ។ ការអះអាងនេះ ក៏ព្រោះតែ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់ បានរហូតដល់ ៩៨%នៃតម្រូវការសរុបនៅទូទាំងប្រទេស។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ តម្រូវការសាច់ពីសត្វនៅកម្ពុជាមានចំនួនសរុបជាង ៣៣៨,២៦ពាន់តោន។ ក្នុងនោះ សាច់គោ-ក្របី មានតម្រូវការចំនួន ៩៣,៧១ពាន់តោន, សាច់ជ្រូកចំនួន ១៦៩,៦៨ពាន់តោន, សាច់បក្សីចំនួន ៧៣,៣៦ពាន់តោន និងសាច់ចៀម-ពពែចំនួន ១ ៥០៩តោន។
របាយការណ៍នេះ បញ្ជាក់ទៀតថា ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ ដែលបាននាំចូលសាច់សរុបចំនួន ២៩ពាន់តោនប៉ុណ្ណោះ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគាំទ្រពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដែលវិធានការនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មកលើសុខភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុក លោកបានធានាការផ្គត់ផ្គង់មិនឱ្យខ្វះខាត ដែលលោកជឿថា មិនចាំបាច់នាំចូលសាច់បង្កកពីប្រទេសជិតខាងនោះទេ ព្រោះផលិតផលក្នុងស្រុកអាចជំនួសបាន។ជាក់ស្តែង នៅរាជធានីភ្នំពេញ សមាជិករបស់សមាគម អាចផ្គត់ផ្គង់សាច់សត្វតាមតម្រូវការទីផ្សារបានគ្រប់ចំនួន ដោយតម្រូវការសាច់ជ្រូក មានចំនួនប្រមាណ ៩ពាន់ក្បាលក្នុងមួយថ្ងៃ, សាច់មាន់មានត្រូវការប្រមាណ ២០ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈ ស៊ុតមាន់-ទា មានសម្រូវការសរុបប្រមាណ ១១លានគ្រាប់ក្នុងមួយថ្ងៃ ក្នុងនោះ ស៊ុតមាន់មានចន្លោះពី ៤ ទៅ ៥ លានគ្រាប់ និងស៊ុតទា ៦ ទៅ ៧ លានគ្រាប់។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញទៀតថា តាមការវាយតម្លៃស្ថានភាពប្រចាំ២០២៥ កន្លងមក ការបរិភោគសាច់សត្វនៅកម្ពុជាសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំហូបសាច់អស់ជាមធ្យម ១៨,៥គីឡូក្រាម ។ ក្នុងនោះ សាច់គោ-ក្របី មានចំនួន ៥,១៥គីឡូក្រាម, សាច់ជ្រូកចំនួន ៩,៣៥គីឡូក្រាម, សាច់បក្សីចំនួន ៣,៩៥គីឡូក្រាម និងសាច់ចៀម-ពពែ មានចំនួន ០,០៥គីឡូក្រាម៕ អត្ថបទ៖ ធូ វិរៈ


