ប្រជាជនប្រមាណ ១,៣ លាននាក់ បានវិលត្រឡប់ទៅប្រទេសស៊ីរីវិញ នៅឆ្នាំ ២០២៥ ដែលជាចលនាវិលត្រឡប់របស់ជនភៀសខ្លួនដ៏ធំបំផុត នៅលើពិភពលោក ក្នុងឆ្នាំនោះ។ នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

ចំនួនជនភៀសខ្លួនស៊ីរីឥឡូវនេះ បានធ្លាក់ចុះមកត្រឹម ៤,៩ លាននាក់ ដោយសារមនុស្សកាន់តែច្រើនបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ បន្ទាប់ពីការដួលរលំនៃរបបរបស់លោក បាសា អាល់អាសាដ ក្នុងខែធ្នូ ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសស៊ីរីនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៦ ដែលមានចំនួនជនភៀសខ្លួនភាគច្រើន នៅទូទាំងពិភពលោក រួមជាមួយប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ុយក្រែន និងមីយ៉ាន់ម៉ា។

សង្គ្រាមស៊ីវិលស៊ីរី ដែលមានរយៈពេលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២៤ បានធ្វើឲ្យមនុស្ស ១២ លាននាក់ផ្លាស់ទីលំនៅ ដោយយ៉ាងហោចណាស់ ៥ លាននាក់ បានក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាង រួមទាំងប្រទេសទួរគី និងនៅក្នុងជំរំជនភៀសខ្លួននៅហ្ស៊កដានី និងលីបង់។ ទីក្រុងអង់ការ៉ា បានទទួលភៀសខ្លួនជាង ៣,៥ លាននាក់ ខណៈពេលដែលនៅអឺរ៉ុប ប្រទេសអាល្លឺម៉ង់បានទទួលមនុស្សច្រើនជាងគេដែលរត់គេចពីជម្លោះ ដោយមានប្រជាជនប្រហែល ១ លាននាក់រស់ នៅក្នុងប្រទេសនេះ។ រដ្ឋាភិបាលស៊ីរីបានបញ្ជាក់ជាថ្មីថា ខ្លួននឹងលើកទឹកចិត្តដល់ការវិលត្រឡប់របស់ជនភៀសខ្លួនដោយ «ស្ម័គ្រចិត្ត» ខណៈដែលទណ្ឌកម្មអន្តរជាតិជាច្រើន ត្រូវបានដក ដើម្បីជួយដល់ការស្តារឡើងវិញរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី៕