ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនការវាយប្រហាររបស់អ្នកតាំងលំនៅឋាន នៅតំបន់វេសបែង ( West Bank) ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិរហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ បានលើសពី ១.000 ដង។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការវាយប្រហាររបស់អ្នកតាំងទីលំនៅ បានប៉ះពាល់ដល់សហគមន៍ជាង ២៣០ នៅគ្រប់តំបន់ទាំងអស់នៃតំបន់វេសបែង។
OCHA បានបញ្ជាក់ថា៖«ប្រជាជនប៉ាឡេស្ទីនជាង ២.២០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅឆ្នាំនេះដោយសារតែអំពើហិង្សារបស់អ្នកតាំងលំនៅឋាន និងការរឹតបន្តឹងការចូលទៅតំបន់នេះ រួមជាមួយនឹងមនុស្សរាប់រយនាក់ទៀតដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការរុះរើផ្ទះសម្បែងដោយអាជ្ញាធរអ៊ីស្រាអែល»។ «កាលពីសប្តាហ៍មុន ការវាយប្រហាររបស់អ្នកតាំងលំនៅថឋាន បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ៣០នាក់ រងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជីវភាពរស់នៅ»។

ការិយាល័យនេះបាននិយាយថា ល្បឿនបច្ចុប្បន្ននៃការវាយប្រហាររបស់អ្នកតាំងលំនៅឋាន ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិ ដែលឥឡូវនេះមានឧប្បត្តិហេតុជាមធ្យម ៦ ករណី ក្នុងមួយថ្ងៃ គឺខ្ពស់ជាងឆ្នាំណាមួយ ដែលបានកត់ត្រាទុក៕