អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឹរេស (Antonio Guterres) បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង ថ្មី ៗ នៅមជ្ឈិមបូព៌ា។

អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្គុយតឺរេស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាងនៅឈូងសមុទ្រ និងលើសពីនេះ ព្រមទាំងការកើនឡើងគួរឲ្យកត់សម្គាល់នៃវោហាសាស្ត្របង្កអរិភាព។

សេចក្តីថ្លែងការណ៍បាននិយាយថា៖«លោក ហ្គុយតឺរេស ជំរុញឲ្យភាគីនានាវិលត្រឡប់ទៅរកការអនុវត្តបទឈប់បាញ់ពេញលេញ និងជៀសវាងការធ្លាក់ចុះបន្ថែមទៀត ដែលដូចដែលលោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ អាចបង្កឲ្យមានការបន្តជម្លោះឡើងវិញទាំងស្រុង ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបានសម្រាប់តំបន់នេះ និងពិភពលោក ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុត»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា មធ្យោបាយតែមួយគត់ ដើម្បីឆ្ពោះទៅមុខ គឺតាមរយៈការសន្ទនា និងការចរចាពិតប្រាកដ។ លោកអំពាវនាវឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ទូលំទូលាយ និងប្រើប្រាស់បានយូរ ដែលជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕