អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការចាប់ខ្លួនដោយរបបតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននូវស្ត្រីរាប់សិបនាក់ពីបទរំលោភច្បាប់ស្លៀកពាក់ និងបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតុករដែលបានធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនទាំងនោះ។

ក្រុមអ្នកជំនាញបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អាជ្ញាធរតាលីបង់បានចាប់ខ្លួនស្ត្រីរាប់សិបនាក់ នៅក្នុងទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ៦-៧ ខែមិថុនាពីបទរំលោភលើការរឹតបន្តឹងលើសម្លៀកបំពាក់របស់ស្ត្រី រួមទាំងតម្រូវការស្លៀកពាក់ សម្លៀកបំពាក់ប្រពៃណីមូស្លីម ជាមួយនឹងការបិទបាំងមុខ និងការហាមឃាត់ប្រើប្រាស់ទឹកអប់។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុង Herat នៅថ្ងៃទី ០៩ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងការចាប់ខ្លួន និងវិធានការរឹតត្បិតកាន់តែខ្លាំងឡើងដែលដាក់លើស្ត្រី។ មន្ត្រីតាលីបង់បានបាញ់ទៅលើក្រុមបាតុករ និងវាយដំក្រុមបាតុករ រួមទាំងបុរស ស្ត្រី និងកុមារ។ យ៉ាងហោចណាស់មនុស្សពីរនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងជាង ២០នាក់ រងរបួស។
អ្នកជំនាញបាននិយាយថា៖«ការប្រើប្រាស់កម្លាំងក្នុងការអនុវត្តច្បាប់ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹងក្រោមច្បាប់អន្តរជាតិ»។ «ការប្រើប្រាស់កម្លាំងនេះ ត្រូវបានអនុញ្ញាត តែនៅពេលដែលវាស្របច្បាប់ ចាំបាច់ និងសមាមាត្រទៅនឹងការគំរាមកំហែងដែលបង្កឡើងចំពោះមន្ត្រី ឬចំពោះអ្នកដទៃប៉ុណ្ណោះ»៕