បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិនានានៅតំបន់អាហ្វ្រិក ប្រឈមនឹងការបាត់បង់កីឡាករសំខាន់ៗ បន្ទាប់ពីលីគបាល់ទាត់កំពូល ២ លំដាប់នៅបារាំងហាមឃាត់មិនឲ្យកីឡាករ របស់ខ្លួនចាកចេញពីអឺរ៉ុប។
ក្លិបចំនួន ៤០ មកពីលីគទី១ និងទី២ បានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការរារាំងកីឡាកររបស់ពួកគេពីការចាកចេញពីសហគមន៍អឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប ដោយសារតែរយៈពេលនៃការធ្វើចត្តាឡីស័ករបស់ពួកគេ ពេលត្រលប់មកកាន់ប្រទេសបារាំងវិញ ដោយសារតែការភ័យខ្លាចនៃការចម្លងមេរោគ Covid-19 ទៅបរទេស។ ស្របពេលដែលការប្រកួតជំរុះ World Cup ២០២២ នៅតំបន់អាមេរិកឡាទីន ត្រូវបានលើកពេលកាលពីសប្តាហ៍មុន ព្រោះតែបញ្ហានេះ ការប្រកួតជំរុះពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក មិនមានការលើកពេលឡើយ ដែលវាក្លាយជាបញ្ហាសំរាប់ក្រុមបាល់ទាត់ជំរើសជាតិនៅទ្វីបអាហ្វ្រិក។
ការប្រកួតជំរុះពីរជុំនឹងត្រូវប្រកួតនៅថ្ងៃទី២៤ និង ៣០ ខែមីនានេះគឺដើម្បីកំណត់ ២៤ក្រុមចុងក្រោយដើម្បីប្រកួត Africa Cup of Nations នៅទឹកដីកាម៉េរូនឆ្នាំក្រោយ។ សូមបញ្ជាក់ថា បារាំងជាលីគបាល់ទាត់ដែលសំបូរ ទៅដោយកីឡាករមកពីតំបន់អាហ្វ្រិក ជាងលីគបាល់ទាត់ប្រទេសដទៃទៀត ដោយសារតែអំណោយផល នៃការប្រើប្រាស់ភាសាបារាំងនៅប្រទេសជាច្រើនក្នុងតំបន់អាហ្វ្រិក ដូចជាសេណេហ្កាល់ កាម៉េរូន និងកូឌីវ័រជាដើម។ គ្រូបង្វឹកក្រុមជំរើសជាតិបេនីន លោក Michel Dussuyer បានបង្ហាញការព្រួយបារម្ភ ពីការកោះហៅកីឡាករមក បំពេញក្រុម ដើម្បីជួបជាមួយក្រុមខ្លាំងនីហ្សេរីយ៉ា និងសារ៉េឡេអុង៕
អត្ថបទ៖នាង សុភាវុធ