កណ្តាល៖ រថយន្តស្ទូច (ចរាចរណ៍) ១គ្រឿង និង ម៉ូតូចំនួន៥៥គ្រឿង បានប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល តបតាមស្នើរសុំនាពេលកន្លងមក ក្នុងទិសដៅបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
ក្នុងឱកាសប្រគល់-ទទួលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឯស្នងការដ្ឋាន លោក ភឺន ផល្លា បានថ្លែងថា ដោយយល់ឃើញថា ការប្រគល់ម៉ូតូ និងឡាននេះ គឺដើម្បីចូលរួមចំណែកជួយដល់សង្គម និងសម្រួលដល់ការធ្វើដំណើររបស់កងកម្លាំង ដើម្បីការពារសុខសុវត្ថិភាពរបស់ពលរដ្ឋ និងជាកម្លាំងចិត្តដល់មន្ត្រីនគរបាលក្នុងការចុះបំពេញការងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ។ លោកថ្លែងបន្តថា ទាំងនេះជាទឹកចិត្តបប្តិចបន្តួច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងជួយឧបត្ថម្ភទៅតាមសទ្ធា ហើយនឹងតែបន្តជួយជាបន្តបន្ទាប់ទៅតាមលទ្ធភាពរបស់ខ្លួន។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះលោក ភឺន ផល្លា និងភរិយា ដែលបានឧបត្ថម្ភជូនកងកម្លាំងឲ្យមានមធ្យោបាយល្អជិះល្បាត និងការពារសុខសុវត្ថិភាពជូនពលរដ្ឋ។
លោកស្នងការបានបញ្ជាក់ថា ម៉ូតូទាំងអស់នេះត្រូវបែងចែកដល់គ្រប់ ស្រុក ក្រុង ទាំងអស់ដោយមូលដ្ឋាននីមួយៗ ទទួលបានម៉ូតូចំនួន ៥គ្រឿង រីឯរថយន្តស្ទូច គឺទុកសំរាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ និងផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ដែលបានម៉ូតូយកទៅប្រើហើយនោះ សូមថែរក្សា ថែទាំឲ្យបានល្អ ហើយសូមបំពេញការងារឲ្យកាន់តែខ្លាំងឡើង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរៀងខ្លួន ការពារកុំឲ្យកើតបទល្មើសជាដើម ៕





